Header Ads

ដំបូន្មានអំពីជំងឺ​ឆ្កែ​ឆ្កួត




ជំងឺ​ឆ្កែ​ឆ្កួត​គឺជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​មិន​អាច​ព្យាបាល​បានទេ។
បើតាម​លោកលី សុវណ្ណ​ នៃនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ ថាជាង​៩០​ភាគរយ​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​កើត​មាន​ចំពោះឆ្កែ ឆ្មា ជ្រូក គោ ក្របី និង​ប្រចៀវ។ ជំងឺ​ឆ្កែ​ឆ្កួតអាច​ឆ្លង​មក​មនុស្ស​បាន​យ៉ាង​ងាយ ប្រសិន​បើ​មនុស្ស​នោះ​ត្រូវ​សត្វ​ទាំង​នេះខាំ​ ឬ​គ្រាន់​តែ​ខ្វាច​ឲ្យ​រលាត់​ចេញ​ឈាម​តែ​ប៉ុណ្ណោះ។ ជំងឺ​នេះ​គឺជា​ជម្ងឺ​កាច​សាហាវ​បំផុត​មួយ ​ដោយសារ​តែ​ពុំ​មាន​ថ្នាំ​ណា​អាច​ព្យាបាល​បាន​ទេ ក៏ប៉ុន្ដែ​គេ​អាច​មាន​ថ្នាំ​ការពារ​វា​បាន។
ឆ្កែ​ដែល​មាន​ជំងឺ​ឆ្កែ​ឆ្កួត​មួយ​ចំនួន​មាន​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន ​ដូចជា​ស្ងៀម​ស្ងាត់​ខុស​ពី​ធម្មតា​ ខឹង​មួរម៉ៅ​វង្វេង​វង្វាន់​មិន​ស្គាស់​ម្ចាស់ ​ហៀរ​ទឹក​មាត់​ខ្លាំង​ រត់​មិន​ឈប់។ ហើយ​មាន​ឆ្កែ​ខ្លះ​មាន​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ដែរ​តែ​មិន​មាន​រោគ​សញ្ញា​ អ្វី​បង្ហាញ​ចេញ​មក​ក្រៅ​នោះ​ទេ។
ប្រសិន​បើ​អ្នក​ដែល​ត្រូវ​ឆ្កែ​ដែល​មាន​ជំងឺ​ឆ្កែ​ឆ្កួតខាំ ហើយ​មិន​បាន​ចាក់​ថ្នាំ​ការពារ​ក្នុង​រយៈពេល​៧២​ម៉ោងនោះទេ​ រយៈពេល​ចន្លោះ​ពី​មួយ​សប្តាហ៍​ទៅ​៦ខែ ​ក្រោយ​រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ នឹង​លេច​ចេញ​ជា​រូបរាង។ នៅពេល​នោះ អ្នកជំងឺ​មាន​អាការៈ​ប្លែក​ដូចជា​វង្វេង​វង្វាន់​ហើយ​ញាំមិនបាន។ រួច​បន្ទាប់​មក​អ្នក​ជំងឺ​អាច​ស្លាប់​ក្នុង​រយៈ​ដ៏ខ្លី។
មិន​ថា​រាល់​សត្វ​អ្វី​ខាំ​ឬ​ខ្វាច​ក៏​ដោយ ហើយ​មិន​ថា​មុខរបួស​នោះ​តូច​ឬ​ធំ​នោះ​ទេ ត្រូវ​តែ​ធ្វើការ​លាង​សំអាត​ឲ្យ​បាន​ត្រឹមត្រូវ និង​ចាក់​វ៉ាក់សាំង​ការពារ​ផង បើ​មិន​ដូច្នោះ​ទេ អាច​នឹង​កើត​មាន​ជំងឺ​តេតាណូស​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ប្រកាច់​។ លោក​អ្នក​គួរ​ចាំ​ថា មេរោគ​តេតាណូស បើកាលណា​កើតឡើង​ហើយ មិន​ងាយ​នឹង​ធ្វើការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នោះ​ឡើយ ដូច្នេះ​លោក​មិន​គួរ​ធ្វេ​រ​ប្រហែស​នឹង​បញ្ហា​នេះ​ទេ ៕

No comments

Powered by Blogger.